ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធី ដ៏សំខាន់មួយក្នុងចំណោម ពិធីផ្សេងៗឯទៀតប្រចាំឆ្នាំនៃប្រទេសប្រកាន់របបរាជានិយម ។ នៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។ ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃទី ៤រោច ខែពិសាខ ឯវាលព្រះមេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំងសព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្ត នោះគឺមានប្រវត្តិដ៏យូរលង់ណាស់ មកហើយ ។

តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “ គោឧសភរាជ ” ។ គោដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ»។ ក្រោយពីក្បួនព្រះនង្គ័លចេញច្រត់ជាទក្សិណបានបីជុំ គោមួយនឹមដែលគេហៅថាគោឧសភរាជត្រូវបានព្រលែងឲ្យបរិភោគអាហារទាំង៧មុខ ដែលដាក់នៅលើជើងពានរៀបទុកជាស្រេច រួមមាន គ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ។  ប្រជាពលរដ្ឋខ្មែរតែងតែមានជំនឿនិងរង់ចាំ ផ្សងចំពោះលទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជ បង្ហាញថាយ៉ាងណានោះគេនឹងដាំដុះដំណាំនោះ។

ក្នុងពិធីនេះ គឺព្រាហ្មណ៍ព្រះរាជគ្រូ ជាអ្នកសូត្រ ធ្វើពិធីប្រកាស ប្រថ្នូល ។ នៅពេលសូត្រចប់  គឺព្រាហ្មណ៍ នេះយកទឹកមន្ដប្រោះក្បាលគោឧសភរាជទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ បើគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណាមួយទេ ។ កាលណាគោឧសភរាជ ស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងគឺព្រាហ្មណ៍ក៏ទាយផលប្រផ្នូលដូចតទៅ បើគោស៊ីគ្រាប់អ្វីក្នុងបណ្តាគ្រាប់ដែលដាក់នៅទីនោះ ទាយថានឹងសម្បូរផលនោះ។ បើស៊ីស្មៅ ទាយថានឹងមានកើតជំងឺ រោគរាតត្បាតសត្វពាហនៈ។ បើផឹកទឹក ទាយថានឹងមានភ្លៀងច្រើន ហើយស្រុកទេសនឹងបានសុខសប្បាយ។ ប៉ុន្តែបើគោផឹកសុរាវិញ ទាយថានឹងកើតមានមនុស្សពាល ចោរលួច ចោរប្លន់ជាច្រើននៅក្នុងនគរ។

១៦២៨
ថ្ងៃព្រហស្បតិ៍ ខែឧសភា ០៣ ២០១៨
អង កុសល

មតិយោបល់

Sponsored Content
KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.