តើរឿងទុំទាវបានផ្ដល់តម្លៃអប់រំទាំងម៉េចខ្លះដល់អ្នកសិក្សាទាំងឡាយ?

៧៣
ថ្ងៃសៅរ៍ ខែកុម្ភៈ ០១ ២០២៥
Yaua Hsfa

ពាក្យទាក់ទង

រឿងទុំទាវ

ចម្លើយ

avatar

Yura Vandy

ដើម្បីគាល់រំលើងឱ្យឃើញពីតម្លៃអប់រំក្នុងរឿងនេះ ជាដំបូងយើងត្រូវសិក្សាស្វែងយល់អត្ថន័យនៃពាក្យ "តម្លៃអប់រំ" ជាមុនសិន។ ពាក្យថា "តម្លៃអប់រំ" សំដៅយកគោលគំនិតទូន្មានដែលអ្នកនិពន្ធចង់ឱ្យយើងចៀសវាង កុំឱ្យយើងយកតម្រាប់តាមអ្វីដែលខុសឆ្គង។ ស្របតាមអត្ថន័យរបស់ប្រធានចង់បង្ហាញថា រឿងទុំទាវ មិនត្រូវតែជាអត្ថបទអក្សរសិល្ប៍ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែរឿងនេះបានផ្តល់គំនិតទូន្មាន ណែនាំជាច្រើនដល់អ្នកអាន អ្នកស្តាប់ អ្នកទស្សនា កុំឱ្យយកគំរូតាម ឬធ្វើអ្វីដែលខុសឆ្គងដូចក្នុងសាច់រឿង។

ជាការពិតណាស់ គ្រប់អក្សរសិល្ប៍តែងតែបង្កប់នូវតម្លៃអប់រំជាច្រើន ដើម្បីជាសារមួយដាស់តឿន ក្រើនរំលឹក ទូន្មាន ប្រៀនប្រដៅអ្នកអាន អ្នកស្តាប់ អ្នកទស្សនាឱ្យលះបង់សេចក្តីអាក្រក់ ឱ្យប្រព្រឹត្តតែសេចក្តីល្អ និងបោះចោលទង្វើដែលឆ្គាំឆ្គងរំលងប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើងជាដើម។ យ៉ាងណាមិញ នៅក្នុងស្នាដៃអក្សរសិល្ប៍ខេមរនិយម រឿងទុំទាវ ចាប់បដិសន្ធិឡើងក្នុងឆ្នាំមួយពាន់ប្រាំបួនរយដប់ប្រាំ ស្ថិតក្នុងសម័យកាលលង្វែក ក៏បានបង្ហាញនូវតម្លៃអប់រំជាច្រើនដល់មនុស្សក្នុងសង្គម។ បើយើងពិនិត្យពិចារណាឱ្យបានល្អិតល្អន់នោះ នៅក្នុងរឿងទុំទាវបានបង្ហាញពីតម្លៃកុសលរស ជាតម្លៃលេចចេញពីការអប់រំ ទូន្មាន ប្រៀនប្រដៅមនុស្សក្នុងសង្គមឱ្យឃើញថា គ្រប់ស្ថានភាពនៃជីវិតរបស់មនុស្ស អាយុជីវិតនេះមានតម្លៃលើសទ្រព្យធន លើសអំណាច បុណ្យស័ក្តិទៅទៀត ដូច្នេះមនុស្សគួរងាកមករកការសណ្តោសប្រណី មានអធ្យាស្រ័យល្អដល់គ្នានឹងគ្នា កុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយតាមកំហឹងរបស់ខ្លួន ព្រោះជីវិតមនុស្សគ្មានទីផ្សារលក់ដូរឡើយ។ ម្យ៉ាងវិញទៀត យើងត្រូវយកខ្លួនយើងជាគ្រឿងឧបមា មិននឹងប្រព្រឹត្តទង្វើអាក្រក់ណាមួយទៅលើអ្នកដទៃ។ តួយ៉ាងដូចជា បក្សពួកអរជូនចៅហ្វាយស្រុកដូច្នោះដែរ អាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ដោយមិនមានការពិចារណាជាមុនទាល់តែសោះ ចុងក្រោយត្រូវទទួលរងទណ្ឌកម្មយ៉ាងសាហាវព្រៃផ្សៃពីសំណាក់ការដាក់ទោសរបស់ព្រះរាជា ប្រៀបដូចជាបាចអង្កាមបញ្ច្រាសខ្យល់ដូច្នេះដែរ។ មួយវិញទៀត រឿងក៏បានដាស់តឿនស្មារតីយុវជនផងដែរ ការចង់កែប្រែផ្នត់គំនិតណាមួយ ចាំបាច់ត្រូវការទាមទារពេលវេលាណាមួយសមស្រប ពុំអាចធ្វើទាំងប្រថុយប្រថានដូចទុំនិងទាវបាននោះទេ ព្រោះវាអាចទទួលលទ្ធផលអវិជ្ជមានមកលើខ្លួនឯងវិញ ដូចទុំនិងទាវជាឧទាហរណ៍ស្រាប់។ មិនតែប៉ុណ្ណោះ រឿងក៏មានតម្លៃអប់រំជាច្រើនទៀតដូចជា អប់រំឱ្យមនុស្សចេះគោរពបដិបត្តិលើសាសនារបស់ខ្លួន ជាពិសេសព្រះពុទ្ធសាសនា ជាតឹកតាង ម្តាយនាងទាវតែទៅវត្តសមាទានសីលជានិច្ចមិនដែលដាច់ឡើយ នោះបានន័យថា គាត់គោរពបូជាព្រះពុទ្ធសាសនាបានយ៉ាងខ្ជាប់ខ្ជួន សមជាពុទ្ធសាសនិកគំរូមួយរូបផងដែរ។ ជាងនេះទៅទៀត រឿងទុំទាវបានអប់រំឱ្យយុវជនចេះស្តាប់ គោរពដំបូន្មានឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ឬត្រកូលរៀមច្បង ដើម្បីទទួលបានសេចក្តីសុខផ្ទាល់ខ្លួន និងចេះរក្សាបានវង្សត្រកូលគ្រួសារ។ ជាពិសេសនោះ បានអប់រំដល់កូនស្រី និងកូនប្រុសក្នុងសង្គម កុំឱ្យប្រព្រឹត្តខុសឆ្គងរំលងទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង កុំលលេងនឹងល្បែងស្នេហាខ្លាំងពេក ព្រោះការសប្បាយភ្លើតភ្លើននាំឱ្យមានសេចក្តីទុក្ខដល់ខ្លួន ដូចទុំនិងទាវ បានប្រព្រឹត្តខុសឆ្គងនឹងប្រពៃណី"ទុំមុនស្រគាល" ដែលជាទង្វើមួយមិនល្អទាស់តែសោះ ធ្វើឱ្យអាប់ឱនដល់វង្សត្រកូលគ្រួសារ បាត់បង់កិត្តិយស និងមានទុក្ខទោសដល់ខ្លួនឯងដែរ។ ទន្ទឹមនឹងនេះដែរ រឿងបានក្រើនរំលឹកទៅដល់មាតាបិតា កុំឱ្យប្រើអំណាចជាមេគ្រួសារ ដោយយកគំនិតចាស់គំរិល"នំមិនធំជាងនាឡិ" មកគាបសង្កត់កូនស្រីរបស់ខ្លួនឡើយ ត្រូវចេះស្តាប់ហេតុផល ប្រើបញ្ញាមកគិតឱ្យបានគ្រប់គ្រាន់ ត្រូវរៀនបើកសិទ្ធិសេរីភាពដល់កូនក្នុងការសម្រេចចិត្តជ្រើសរើសគូអនាគត និងអប់រំកុំឱ្យប្រើអំណាចផ្តាច់ការ ជិះជាន់ ដាក់សម្ពាធទៅលើនរណាម្នាក់ឡើយ ព្រោះជាអំពើអសីលធម៌ខ្លាំងណាស់។ បន្ថែមពីលើនេះ រឿងនេះក៏បានផ្តល់តម្លៃអប់រំឱ្យយុវជនហ៊ានក្រោកឡើងតស៊ូ រើបម្រាស់ចេញពីការគាបសង្កត់ ការដាក់អាណានិគមលើគំនិត លើសិទ្ធិសេរីភាព ដើម្បីជម្នះបានរាល់ឧបសគ្គក្នុងការទាមទារយកនូវឧត្តមគតិមួយដ៏ត្រឹមត្រូវដែលមនុស្សគ្រប់គ្នាចង់បាន។ មួយវិញទៀត ស្នាដៃអក្សរសិល្ប៍នេះ ក៏បានទូន្មាន ប្រៀនប្រដៅ កុំឱ្យយើងឈ្លក់វង្វេងស្រី ស្រា យកដាក់ជាត្រីមុខឡើយ ព្រោះវានាំឱ្យយើងវិនាសបាន ដូចទុំខ្លួនបួសជាសង្ឃបែរលួចស្រឡាញ់នាងទាវ សឹកចាកផ្នួសខុសធម៌វិន័យ ព្រោះតែមនុស្សស្រី ថែមទាំងយកស្រាបង្ហាញពីភក្តីស្នេហ៍ ទៅជាវង្វេងលែងដឹងអី ភ្លេចការងាររបស់ខ្លួន ចុងក្រោយត្រូវស្លាប់យ៉ាងអាណោចអាធ័ម។ ពិសេសទៅទៀត គឺអប់រំឱ្យយើងដោះស្រាយបញ្ហាដោយសន្តិវិធី កុំយកកំហឹងទល់កំហល់ ឬដោះស្រាយដោយចុងអាវុធ ឬប្រើអំណាចផ្តាច់ការណាមួយឡើយ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ត្រូវនិយាយគ្នាឱ្យដឹងសាច់រឿងជាមុនសិន មុននឹងវិនិច្ឆ័យកាត់ទោសតាមក្រោយ ការធ្វើបែបនេះភាគីទាំងសងខាងនឹងទទួលបានយុត្តិធម៌។ 

សរុបសេចក្តីមក រឿងទុំទាវពិតជាមានតម្លៃអប់រំយ៉ាងជ្រាលជ្រៅ ព្រោះមានបង្ហាញពីផលនៃអំពើដែលតួអង្គបានសាង ដើម្បីឱ្យមនុស្សក្នុងសង្គមលះបង់ចោលទង្វើមិនល្អ ហើយងាកមករកការធ្វើសេចក្តីល្អដល់គ្នានឹងគ្នា។

ប្រភព៖ Facebook

KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.